Monday, September 28, 2026

សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ(វេនទី៣) នៅវត្តនាគវ័ន្ត


នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី៣ ក្នុងទីអារាមវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ) ៕

 


រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងអំណរគុណនិវត្តជនកម្ពុជា ចំពោះគុណបំណាច់ក្នុងការកសាងសមិទ្ធផលជាតិ


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា សមិទ្ធផលនានាដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងការបន្តអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយពីគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តនាពេលកន្លងមក។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជានិវត្តជនក្នុងវិស័យនានា បានខិតខំកសាងប្រទេសពីបាតដៃទទេ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកក្នុងវិស័យរ៉ែ និងថាមពល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ​ បានបន្តថា ចំពោះវិស័យរ៉ែ និងថាមពលនេះ ដែលជាសមិទ្ធផលបន្សល់មកពីនិវត្តជន ធ្វើឱ្យកម្ពុជាមានស្ថិរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រជាពលរដ្ឋមានភ្លើងអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ បើទោះបីជាលែងនាំចូលពីប្រទេសថៃ ដែលបង្កឡើងដោយជម្លោះព្រំដែន ខណៈចំណូលបានមកពីវិស័យរ៉ែ និងថាមពល ក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានថ្លែងអំណរគុណដល់និវត្តជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ហើយបានធ្វើឱ្យវិស័យរ៉ែ និងថាមពល ទទួលបានសមិទ្ធផលជាផ្លែផ្កា និងជាទីមោទនក្នុងពេលបច្ចុប្បន្ននេះ។​

សម្រាប់ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ការជួបជុំនិវត្តជនរបស់អគ្គិសនីកម្ពុជា បានរៀបចំធ្វើឡើងមានចំនួន ១១លើករួចមកហើយ ដោយឡែកសម្រាប់ការប្រារព្ធធ្វើនៅឆ្នាំ២០២៦​មានចំនួន​៦៨៩នាក់ (ស្ត្រី៩៧នាក់) ដែលការជួបជុំនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ក្នុងវិស័យអគ្គិសនី ជាពិសេសដឹងគុណ ពីការចូលរួមចំណែកកសាងអគ្គិសនីកម្ពុជា របស់រៀមច្បងដែលបានបំពេញភារកិច្ចកសាងវិស័យនេះពីចំណុចចាប់ផ្ដើមរហូតដល់មានការីកចម្រើន និងផ្គត់ផ្គង់ទូទាំងប្រទេសដូចបច្ចុប្បន្ននេះ។

អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមថា ក្រោមកិច្ចខិតខំប្រឹងប្រឹងពីថ្នាក់ដឹកនាំជំនាន់មុន និងនិវត្តន៍ជនអគ្គិសនីកម្ពុជា គឺនៅឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បានចាប់ផ្ដើមប្រើប្រាស់អនុស្ថានីយប្រភេទចល័ត ដែលផ្ដល់ភាពងាយស្រួលលឿន ក្នុងការផ្ទេរពីទីតាំងមួយទៅទីតាំងមួយ ដែលមានតម្រូវការបន្ទាន់ បម្រើដល់បន្ទុកប្រើប្រាស់ រួមមានវិស័យឧស្សាហកម្មធន់ធ្ងន់ ក៏ដូចជាបម្រុងទុកជាដើម។ បច្ចុប្បន្នបានដាក់ឱ្យដំណើរការចំនួន៣ហើយ ដោយ៥ទៀតនឹងមកដល់ក្នុងចុងឆ្នាំ២០២៦ ដែលជួយសម្រួលបង្កើនគុណភាពនៃការផ្គត់ផ្គង់ដល់តំបន់មួយចំនួនដែលត្រូវការចាំបាច់។

ឯកឧត្តម ប្រាំង ជលសា​ បានបន្តថា ប្រព័ន្ធ Hotline គឺជាស្ពានមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ អតិថិជន ដែលអាចឱ្យថ្នាក់ដឹកនាំបាន ដឹងអំពីការបម្រើសេវាកម្ម និងកាត់បន្ថយភាពចន្លោះប្រហោងក្នុងការអនុវត្តការងាររបស់និយោជិត អគ្គិសនីកម្ពុជា បានឈានមុខក្នុងការងារនេះ ហើយបានទទួលការកោតសរសើរពីប្រជាពលរដ្ឋទូទៅ និងកំពុងជួយផ្តល់បទពិសោធន៍ដល់មន្ត្រីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីបន្តជួយបណ្តុះបណ្តាលដល់សេវាករឯកជន។ ដើម្បីចូលរួមឱ្យមានសមធម៌ក្នុងសង្គម អគ្គិសនីកម្ពុជា បានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ តាមរយៈមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ បានឧបត្ថម្ភធនដល់សេវាករ ប្រមាណ​ ១.០០០លានដុល្លារអាមេរិក​ (ដោយគិតចាប់តាំងពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន) ដើម្បីជំរុញអត្រាភ្ជាប់ចរន្តអគ្គិសនី និងរក្សាថ្លៃឯកភាពទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់និវត្តជនទាំងអស់ សូមបន្តថែរក្សាសុខភាព ដើម្បីបានបន្តឃើញនូវសមិទ្ធផលបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងពេលចូលរួមពិធីសំណេះសំណាលនេះ និវត្តជនអគ្គិសនីកម្ពុជា លើកឡើងថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឱ្យពួកគាត់មានសង្ឃឹមលើថ្នាក់ដឹកនាំ និងថាការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមក ពិតជាមានតម្លៃ៕

 

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបន្ទាយមានជ័យ




សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញ​ចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបន្ទាយមានជ័យ។

អមដំណើរជាមួយសម្តេចនាយករដ្ឋមន្រ្តី រួមមាន៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

 


Thursday, September 17, 2026

កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា




(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។
ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ក្រុមហ៊ុន នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារ KOTRA និងអង្គភាព KLES ដែលបានសហការជាមួយក្រសួងរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង ដោយចាត់ទុកវេទិកានេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថានទូតកូរ៉េក្នុងការគាំពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុងការយល់ដឹងបន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីចូលរួមអនុវត្តឱ្យមានអនុលោមភាពតាមច្បាប់ដែលជាចំណុចស្នូលការធានាបាននូវភាពជោគជ័យ នៃអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជោគជ័យ នៅកម្ពុជា។
ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការរីកចម្រើននៃពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កម្ពុជាកំពុងធ្វើបរិវត្តកម្ម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តលើវិស័យការងារ រួមទាំងលក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងសុវត្ថិភាពនិងសុខភាពការងារ ឱ្យស្របតាមបទដ្ឋានការងារអន្តរជាតិ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលភាគីកូរ៉េបានផ្តល់ឱកាសការងារជូនពលករកម្ពុជា ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយបច្ចុប្បន្នកំពុងជួយផ្តល់ជំនួយបច្ចេកទេស សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ កាន់តែរីកចម្រើន ពង្រីកការវិនិយោគទុន និងទាក់ទាញវិនិយោគទុនថែមទៀតពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ជាក់ជូនថា ប្រសិនបើមានចំណុចប្រឈម និងមិនយល់ច្បាស់ពីនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីជំនាញក្រសួងរីករាយផ្តល់ការប្រឹក្សាយោបល់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ Hotline ១២៩៧។
នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ គឹម ឆាងយ៉ុង បានលើកឡើងថា សិក្ខាសាលានេះនឹងជួយស្វែងរកកាលានុវត្តភាពសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េ ឱ្យកាន់តែជោគជ័យ និងពង្រឹងបណ្តាញទំនាក់ទំនងសហប្រតិបត្តិការ។ ឯកឧត្តមគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េប្រកាន់ជំហរយ៉ាងមុតមាំពីការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិកម្មករនិយោជិត ដែលធ្វើការឱ្យក្រុមហ៊ុនកូរ៉េ។ ឯកឧត្តមនឹងបន្តលើកទឹកចិត្តទាក់ទាញវិនិយោគទុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុន នៅកម្ពុជា រួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ជាមួយរដ្ឋបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី




(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដំណើរការដោយរលូន។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម រួមនឹងប្រតិភូអមដំណើរ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យផងដែរ។

ក្រុមការងារចម្រុះបានពិនិត្យ និងគូសព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ ឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដី ដោយផ្អែកលើផែនទីព្រំប្រទល់ដែលចេញដោយក្រសួងមហាផ្ទៃ រួមទាំងព្រំប្រទល់ដែលបាន ឯកភាពគ្នា រវាងខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ការរៀបចំ និងកំណត់ព្រំប្រទល់រដ្ឋបាលនេះ គឺអនុលោមតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឆ្នាំ២០០១ និងប្រកាសលេខ ៤៩៣ ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ។
ទោះបីជាព្រំប្រទល់មួយចំនួនត្រូវបានកែប្រែជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងតម្រូវការជាក់ស្តែងក៏ដោយ ក៏នៅមានចំណុចខ្វះខាតខ្លះនៅពេលកំណត់ព្រំប្រទល់លើដីជាក់ស្តែង។ ដូច្នេះ ការពិនិត្យរួមគ្នា សម្របសម្រួល និងដោះស្រាយឱ្យបានសមស្របនូវចំណុចដែលពុំទាន់ច្បាស់លាស់ គឺជារឿងចាំបាច់។

ការងារនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕