































ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែតុលា និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
យោងតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែតុលា បានឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។
បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រតិបត្តិការ បង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងគ្រប់ប្រភេទឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពបំផុត។ លោកបានក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន និងទប់ស្កាត់ការរំពងសំឡេងឮខ្លាំងៗរំខានដល់ការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមបានពិភាក្សាលើការងាររៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខ ឱ្យបានសមស្រប និងអធិកអធម ព្រមទាំងការបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពឱ្យបានល្អ។
ឯកឧត្តមអភិបាលខេត្តជំរុញអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវពង្រឹងកិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្តដើម្បីបណ្ដុះបណ្ដាលមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន និងសាធារណមតិសំដៅរួមគ្នាពន្លឿនការក្ដាប់សភាពការណ៍ និងដោះស្រាយបញ្ហាសាធារណមតិតាមបណ្ដាញសង្គមឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យ និងតាមដានរបាយការណ៍ស្ដីពីលទ្ធផលការងារដែលអាជ្ញាធរក្រុង ស្រុកទាំង១៤បានអនុវត្តកន្លងមក រួមមាន៖
* ការយកចិត្តទុកដាក់លើការងារសម្អាតអនាម័យបរិស្ថានតាមបណ្ដាភូមិ ឃុំ សង្កាត់។
* ការរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន។
* ការរៀបចំកាត់សំយ៉ាប និងសំណង់ដែលរំលោភលើចំណីផ្លូវ ព្រមទាំងការបើកផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
* ការជំរុញការតែងតាំងនាយកគ្រឹះស្ថានសិក្សាតាមបណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្ត។
ជារួម តាមរយៈរបាយការណ៍ដែលបានលើកឡើង អាជ្ញាធរក្រុង ស្រុកទាំង១៤ បានខិតខំអនុវត្តការងារតាមការណែនាំ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកអភិបាលខេត្តបានកំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឆ្លើយតបនឹងតម្រូវការផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕





















ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនពលរដ្ឋក្នុងភូមិចំនួន៣ នៃស្រុកទឹកឈូ ខេត្តកំពត ដែលបានប្រព្រឹត្តធ្វើឡើងក្នុងបរិវេណវត្តកំពូលមាស (ហៅវត្តវប្រឡាយ) ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងថា ពិធីនាព្រឹកនេះ មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន៖ ភូមិភ្នំតូច ភូមិមានរិទ្ធ និងភូមិទឹកក្រហម នៃឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ៦,៨៣២ក្បាលដី ស្មើនឹង ៣,៦៦០គ្រួសារ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសារ ក្នុងពិធីខាងលើ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) បានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រយ៉ាងខ្លាំង ដោយសារតែនៅក្នុងរបបខ្មែរក្រហម រាល់កម្មសិទ្ធិឯកជន និងប្លង់ដីធ្លីទាំងអស់ ត្រូវបានលុបបំបាត់ និងបំផ្លាញចោលទាំងស្រុង ហើយក្រោយការដួលរលំនៃរបបប៉ុលពត ដីធ្លីទាំងអស់ក៏ត្រូវបានចាត់ទុកជាសម្បត្តិរបស់រដ្ឋ ប្រជាពលរដ្ឋត្រូវបានរៀបចំឱ្យរស់នៅ និងធ្វើការរួមគ្នាក្នុងទម្រង់ជា «ក្រុមសាមគ្គី» ដើម្បីបង្កបង្កើនផល និងជួយគ្នាទៅវិញទៅមកក្នុងការស្តារវិស័យកសិកម្មឡើងវិញ។ ម្យ៉ាងទៀតពលរដ្ឋមានសិទ្ធិអាស្រ័យផលលើដីធ្លី សម្រាប់ការធ្វើស្រែចម្ការ និងសង់លំនៅឋាន ប៉ុន្តែមិនទាន់មានសិទ្ធិជាកម្មសិទ្ធិករឯកជន ឬសិទ្ធិលក់ដូរនោះទេ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ក្រោយពេលដែលប្រទេសកម្ពុជារួចផុតពីភ្នក់ភ្លើងសង្គ្រាម ហើយទទួលបានសុខសន្តិភាពក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានគិតគូរ និងរៀបចំឡើងវិញនូវគោល នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។
គោលនយោបាយនេះ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់រហូតបន្តមកដល់អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចបានបន្តអនុវត្តន៍ ក៏ដូចជាជំរុញអោយពន្លឿនការវាស់វែង ក៏ដូចជាចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ឱ្យបានឆាប់រហ័សបំផុត ដើម្បីអោយពលរដ្ឋអាចទទួលយកប្រយោជន៍ពេញលេញពីវិស័យដីធ្លី ពិសេសឈានទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរុញច្រានការងារចុះបញ្ជីដីធ្លីយ៉ាងសកម្មពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់ លើការកាន់កាប់ដីធ្លី បញ្ចប់ទំនាស់ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ និងមានទំនុកចិត្តខ្ពស់។
ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃនេះ ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិទាំងនេះ ឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្មផ្លូវច្បាប់ដ៏មានតម្លៃសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ៕

















